សៀវភៅបណ្តុះបណ្តាលនេះត្រូវបានបោះពុម្ពឡើងក្នុងគោលបំណងបង្កើនចំណេះដឹង និងការយល់ដឹងអំពីច្បាប់ដីធ្លី ព្រមទាំងអនុវត្តជាក់ស្តែងនូវវិធីសាស្ត្រប្រមូលដំណើរការ/ព្រឹត្តិការណ៍នានាដែលទាក់ទងនឹងបញ្ហាដីធ្លី សម្រាប់អង្គការសង្គមស៊ីវិលដែលកំពុងធ្វើសកម្មភាពផ្នែកដីធ្លី (ឬអ្នកដែលចាប់អារម្មណ៍លើការស្រាវជ្រាវសង្គមអំពីដីធ្លី)។
សៀវភៅនេះមាន ៣ ផ្នែកធំៗ៖ ផ្នែក (១) ពីជំពូកទី១ ដល់ជំពូកទី២ បង្ហាញអំពីការរៀបចំមុនពេលបណ្តុះបណ្តាល និងអ្វីដែលត្រូវពិចារណានៅពេលរៀបចំវគ្គបណ្តុះបណ្តាល។ ផ្នែក (២) ពីជំពូកទី៣ ដល់ជំពូកទី៥ វិភាគអំពីក្របខណ្ឌច្បាប់ដែលទាក់ទងដោយផ្ទាល់ទៅនឹងការទាញយក និងប្រើប្រាស់ដីធ្លី និងធនធាន ព្រមទាំងទំនាក់ទំនងភ្ជាប់គ្នារវាងច្បាប់នីមួយៗ។ ផ្នែក (៣) ពីជំពូកទី៦ ដល់ជំពូកទី៧ បង្ហាញអំពីវិធីសាស្ត្រស្រាវជ្រាវដែលមានប្រយោជន៍បំផុតនៅពេលកត់ត្រាដំណើរការ/ព្រឹត្តិការណ៍ណាមួយ។